ទីផ្សារធំៗចំនួន ៥ ស្រូបយកចំណែកទីផ្សារនាំចេញសរុបជាង ៦៥%

ទីផ្សារធំៗចំនួន ៥ ស្រូបយកចំណែកទីផ្សារនាំចេញសរុបជាង ៦៥%

 

ភ្នំពេញៈ ទីផ្សារ​ប្រទេស​ធំៗ​ចំនួន​ ​៥ បានទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ក្នុង​ទឹក​​ប្រា​ក់ជាង ១២,២​ពាន់​លាន​ដុល្លារ​នា​រយៈពេល ១០ ​ខែ​ក្នុង​ឆ្នាំ ​២០២២ ដែល​ស្មើ​ជាង ៦៥ ​ភាគរយ​នៃ​ការនាំ​ចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​ទិន្នន័យ​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំ​​ចេញ​ជាមួយ​ប្រទេស​សំខាន់ៗ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ចំនួន​ទឹកប្រាក់​សរុប ១៨ ៧៤៧,៥៦៥​ លាន​ដុល្លារ កើន​ជាង ១៩,២ ​ភាគរយ​បើ​ធៀប​រយៈ​​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១៥ ៧២១,៦៩២ ​លាន​ដុល្លារ​។ សម្រាប់​ទីផ្សារ​ធំ​ទាំង ​៥ ដែល​ទទួល​​ទិញ​ទំនិញ​ពី​កម្ពុជា គឺមាន​ទឹកប្រាក់​សរុប ១២ ២០៣,៦៩១​ លាន​ដុល្លារ ស្មើនឹង​ចំណែក​ទីផ្សារ​នាំចេញ​ចំនួន ៦៥,០៩ ​ភាគរយ​។ ចំនួន​ទឹកប្រាក់​នាំ​ចេញទៅ​ប្រទេស​ទាំង​ ៥ ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ​២០២១ គឺ​កើនឡើង ១៤,៨៣​ ភាគរយ​។​

​ប្រទេស​ទាំង​ ៥ រួមមាន អាមេរិក ទិញ​ទំនិញ​ពី​កម្ពុជា ៧ ៦១៧,៦៧៨ ​លាន​ដុល្លារ (​កើន ២៥,៤ ​ភាគរយ​) ស្មើនឹង​ចំណែក​ទីផ្សារ​នាំចេញ ៤០,៦​ ភាគរយ​, វៀតណាម ១ ៦៦៤,៤៣៧​ លាន​ដុល្លារ ​(​កើន ២,៨​ភាគរយ​) ស្មើ​​នឹង ៨,៩​ភាគរយ​, ជប៉ុន ៩៨៨,៣៨៩​ លាន​ដុល្លារ ​(​កើន ៧,៤​ ភាគរយ​) ស្មើ​ នឹង ៥,៣ ​ភាគរយ​, ចិន ៩៨៧,៨៧២​ លាន​ដុល្លារ ​(​ធ្លាក់ ១៩,២ ​ភាគរយ​) ស្មើនឹង ៥,៣ ​ភាគរយ​, និង​កាណាដា ចំនួន ៩៤៥,៣១៥​ លាន​ដុល្លារ​ (​កើន ១៩,៧​ភាគរយ​) ស្មើ ៥ ​ភាគរយ​។​

​កាលពី​រយៈពេល ១០ ​ខែ​នៃ​ឆ្នាំ​ ២០២១ ក្នុងចំណោម​ការនាំចេញ​សរុប​របស់​កម្ពុជា​ចំនួន ១៥ ៧២១,៦៩២ ​លាន​ដុល្លារ គឺ​ការនាំ​ចេញទៅ​ប្រទេស​ទាំង​ ៥ មានតម្លៃ ១០ ៦២៧,៤០៩ ​លាន​ដុល្លារ ដែល​ស្មើនឹង ៦៧,៦​ ភាគ​​រយ​។ នេះ​បើ​យោងតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់បាន​និយាយថា លក្ខណៈ​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ គុណភាព​ផលិតផល តម្លៃ និង​ការទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​នាំចេញ​បានធ្វើឱ្យ​កម្ពុជា​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ឱ្យមក​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​។ ខណៈ​កម្ពុជា​ទាក់ទាញ​បានការ​ចូលមក​បណ្តាក់​ទុន​ជា​បន្តបន្ទាប់​នោះ ការនាំចេញ​របស់​កម្ពុ​ជា​ត្រូវ​រំពឹងថា នឹង​កើន​ខ្ពស់​បន្ថែមទៀត ពិសេស​ទីផ្សារ​សក្តានុពល​ទាំង​ ៥​។​

​លោក​និយាយថា​៖«​ខ្ញុំ​រំពឹងថា ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ទាំង ៥ នឹង​ហក់​ឡើង​បន្ថែមទៀត ពិសេស​នៅពេល​កំណើន​សេដ្ឋកិច្ចពិភពលោក​បាន​ភាពល្អ​ប្រសើរឡើង​វិញ​»​។​

​លោក គី សេរី​វឌ្ឍន៍ នាយក​នៃ​ម​ជ្ឈ​មណ្ឌល​សិក្សា​ចិន​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែធ្នូ​ថា ការទទួល​ទិញ​ទំនិញ​កម្ពុជា​ក្នុង​បរិមាណ​ច្រើន​របស់​ប្រទេស​ទាំង​ ៥ គឺមាន​យូរ​មកហើយ ដោយ​ផលិតផល​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ទាំងនោះ មានដូចជា សម្លៀក​បំពាក់ កាបូប ស្បែកជើង និង​ផលិត​​ផល​កសិកម្ម ជាដើម​។ លោក​បន្តថា មូល​ហេតុដែល​ប្រទេស​ទាំងអស់​ខាងលើ​ទទួល​ទិញ​ទំនិញ​ពី​កម្ពុ​ជាច្រើន គឺ​ដោយសារ​ប្រទេស​ទាំងអស់នោះ​បានផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ឬ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​ផងដែរ​។​

​លោក​លើកឡើងថា​៖ «​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការល្អរ​វាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ការនាំ​ចេញទៅ​ប្រទេស​ទាំង​ ៥ នឹង​បន្ត​កើនឡើង​ទៀត​នៅពេល​ខាងមុខ​»​។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ហ៊ឹន ពិសី

ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d