ភ្នំពេញៈ យ៉ាងហោចណាស់ក្រុមហ៊ុនថ្មីជិត ២០ ០០០ បានចុះបញ្ជីតាមថ្នាលចុះបញ្ជីអាជីវកម្មអនឡាញដែលត្រូវបានគេស្គាល់ថាជា «Single Portal» គិតត្រឹមថ្ងៃទី ២ ខែវិច្ឆិកា ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការសម្រួលនៃការធ្វើអាជីវកម្មនៅកម្ពុជា។
យោងតាមទិន្នន័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី ២ ខែវិច្ឆិកា ចំនួនក្រុមហ៊ុនដែលបានអនុម័តដោយជោគជ័យមាន ១៩ ០៧២ ខណៈក្រុមហ៊ុន ១២ ៣១២ ទទួលបានការអនុម័តដោយជោគជ័យសម្រាប់នាមករណ៍បម្រុងទុក។ ពេល វេលាមធ្យមសម្រាប់ការចុះបញ្ជីមានរយៈពេល ៨ ថ្ងៃ។
រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការថ្នាលចុះបញ្ជីអាជីវកម្មអនឡាញកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជួយសម្រួលដំណើរការចុះបញ្ជីក្រុមហ៊ុន ដែល ជាផ្នែកមួយនៃកំណែ ទម្រង់ក្នុងគោលបំណងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីលើកកម្ពស់ប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ជាពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ថា ថ្នាលចុះបញ្ជីអាជីវកម្មអនឡាញគឺជាការឆ្លើយតបទៅបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ និងការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចឌីជីថល។ លោកបន្តថា ចាប់តាំងពីកម្ពុជាបើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញនាដើមខែវិច្ឆិកា ឆ្នាំ ២០២១ ម៉ាក្រូសេដ្ឋកិច្ចប្រទេសមានភាពរស់រវើកខ្លាំង។
លោកនិយាយថា៖ «ក្នុងនាមវិស័យឯកជន យើងគាំទ្រយ៉ាងខ្លាំងចំពោះកំណែទម្រង់ថ្មីរបស់រដ្ឋាភិបាលដែលប្រើបច្ចេកវិទ្យា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្ម។ ថ្នាលចុះបញ្ជីអាជីវកម្មអនឡាញមិនត្រឹមតែដំណើរការចុះបញ្ជីកាន់តែរហ័ស និងសន្សំពេលវេលាប៉ុណ្ណោះទេ គឺថែមទាំងកាត់បន្ថយការិយាធិបតេយ្យ និងការចំណាយផងដែរ»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ថា ការកើនឡើងនៃការចុះបញ្ជីអាជីវកម្មថ្មី ដោយសារតែសេវាកម្មកាន់តែងាយស្រួល។
លោកបញ្ជាក់ថា៖ «ខ្ញុំសង្កេតឃើញថា ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ មិនត្រឹមតែជួយសម្រួលដល់ពាណិជ្ជករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញអាជីវកម្មថ្មីៗបានផងដែរ។វាក៏ល្អសម្រាប់ម៉ាក្រូសេដ្ឋកិច្ច ដោយសារអាជីវកម្មដែលបានចុះបញ្ជីទាំងអស់ស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រដ្ឋ ហើយនៅពេលមានវិបត្តិណាមួយរដ្ឋអាចងាយស្រួលធ្វើអន្តរាគមន៍ និងទទួលយកការលើកទឹកចិត្តខ្លះៗ ដើម្បីជួយគាំទ្រ»៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២