ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប កើនឡើងជាង ២០ ភាគរយ

ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប កើនឡើងជាង ២០ ភាគរយ

 

ភ្នំពេញៈ ទឹក​ប្រាក់​ដែល​កម្ពុជា​បាន​ចំណាយ​លើ​ការ​នាំ​ចូល​ដែក និង​ដែក​ថែប​ពី​ទីផ្សា​រអន្តរ​ជាតិ​ក្នុង​រយៈ​ពេល ៩ ខែ​ដើម​ឆ្នាំ​ ២០២២ មាន​តម្លៃ​ជាង ២៧១ ​លាន​ដុល្លារ កើន​ជាង ២០​ ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ​២០២១ ។ នេះ​បើ​យោង​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

យោង​តាម​ស្ថិតិ​នាំ​ចូល​ទំនិញ​ គឺ​ការ​នាំ​ចូល​ដែក និង​ដែក​ថែប ចាប់​ពី​ខែ​មករា-​កញ្ញា ឆ្នាំ​ ២០២២ មាន​ទឹក​ប្រាក់​សរុប ២៧១,៧៨​ លាន​ដុល្លារ កើន​ឡើង ២០,១ ​ភាគ​រយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២១ មាន​ចំនួន ២២៦,៣៨​ លាន​ដុល្លារ។ ចំនួន​ទឹក​ប្រាក់​នេះ គឺ​ស្មើ​នឹង ១,១ ​ភាគ​រយ​នៃ​ទឹក​ប្រាក់​ដែល​កម្ពុជា​នាំ​ចូល​ទំនិញ​សរុបពី​ទីផ្សារ​អន្តរ​ជាតិ​ចំនួន ២៣ ៧៦៤,២៦​ លាន​ដុល្លារ​។

សម្រាប់​ខែ​កញ្ញា ឆ្នាំ​ ២០២២​ ទឹក​ប្រាក់​ដែល​ចំណាយ​លើ​ការ​នាំ​ចូល​ដែក និង​ដែក​ថែប គឺមាន​ចំនួន ២៧,០២​ លាន​ដុល្លារ កើន​ឡើង ២០,៩​ ភាគ​រយ​ធៀបខែ​កញ្ញា ឆ្នាំ​ ២០២១ ។

អគ្គ​លេខាធិ​ការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា កំណើន​ទឹក​ប្រាក់នាំ​ចូល​​ដែក និង​ដែក​ថែប គឺ​ដោយ​សារ​តែ​សំណង់​អគារ​ដែល​មាន​ម្ចាស់​ជា​វិនិយោគិន​ក្នុង​ស្រុក​ជាច្រើន​កំពុង​មាន​ដំណើរ​ការ​សាងសង់​ជា​រៀង​រាល់​ថ្ងៃ។ ចំណែក​សំណង់​ធំៗ ដែល​មាន​ម្ចាស់​ជា​វិនិយោគិន​បរទេស គឺ​មិន​សូវ​មាន​ដំណើរ​ការ​សាងសង់​ទេ ព្រោះ​ជា​ប្រភព​ទុន​នៅ​ក្រៅ​ប្រទេស ហើយ​ត្រូវ​បាន​ធ្វើ​ឱ្យ​ជាប់​គាំង​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង​ព្រឹត្តិការណ៍​នយោបាយ​ពិភព​លោក​។ លោក​បន្ត​ថា វិស័យ​សំណង់​កម្ពុជា​ត្រូវ​ការ​ពេល​បន្ថែម​ទៀត ដើម្បី​អាច​ចាប់​ផ្តើម​រីក​ចម្រើន​ឡើង​វិញដូច​នៅ​មុន​អំឡុង​ឆ្នាំ​ ២០១៩​ ។

លោក​បញ្ជាក់​ថា៖ ​«​កំណើន​ទឹក​ប្រាក់​នាំ​ចូល​ដែក គឺ​​ដោយ​សារ​សំណង់ប្រភេទ​​លំនៅឋាន​មាន​សកម្ម​ភាព​សាង​សង់​ច្រើន ប៉ុន្តែ​ភាគ​ច្រើន​គឺ​មិន​មែន​ជា​គម្រោង​ថ្មី​នោះ​ទេ​»​។

បន្ថែម​ពី​លើ​នេះ លោក ជីវស៊ីវ​ផេងអ្នក​គ្រប់​គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​និយាយ​ថា វិស័យ​សំណង់​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ដំណើរ​ការល្អ​ទេ​បើ​មើល​ទៅ​តាម​ចំនួន​គម្រោង និង​ទុន​វិនិយោគ ដែល​ក្រសួង​រៀបចំដែន​ដី នគរូបនីយ​កម្ម និង​សំណង់ បាន​​អនុញ្ញាត​ឱ្យ​សាងសង់​ចាប់​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ។ ស្ថាន​ភាព​នេះ​អាច​អូស​បន្លាយ​ពេល​បន្ថែម​ទៀត ប្រសិន​បើ​ស្ថានភាព​ភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភព​លោក​នៅ​តែ​ស្ថិត​ក្នុង​​​ភាព​ច្បាស់​លាស់​​​។

លោក​និយាយ​ថា៖ ​«​អ្វី​ដែល​មាន​នៅ​ពេល​នេះ គឺ​ភាគ​ច្រើន​ជា​គម្រោង​ចាស់ និង​មាន​អ្នក​វិនិយោគ​ជា​អ្នក​នៅ​ក្នុង​ស្រុក​តែ​​ប៉ុណ្ណោះ​។ សម្រាប់​ការ​វិនិយោគ​គម្រោង​អគារ​ខ្ពស់​ៗ ដែល​មាន​ទុន​វិនិ​យោគ​ច្រើន គឺនៅ​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​»។

នៅ​ក្នុង​រយៈ​ពេល ៨ ​ខែ​ដើម​ឆ្នាំ​ ២០២២ ក្រសួង​រៀបចំដែន​ដី ដែល​បាន​ផ្តល់​ច្បាប់​អនុញ្ញាត​ឱ្យ​គម្រោង​សាងសង់​ចំនួន ២ ៨១១ ​គម្រោង ធ្លាក់​ចុះ ៩០ ​គម្រោង​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន និង​មាន​ទុន​វិនិយោគ​សរុប ១ ៦៦២ ​លាន​ដុល្លារ​ ធ្លាក់​ចុះ ៥៦,៧​ ភាគ​រយ​។ ក្នុង​គម្រោង​ទាំង ២ ៨១១ គឺ​មាន​គម្រោង​លំនៅឋាន​ចំនួន ២ ៥២១​ គម្រោង (ស្មើ​នឹង ៨៩,៧ ​ភាគ​រយ) ដោយ​ធ្លាក់​ចុះ​ចំនួន ៩​ គម្រោង។

កាល​ពី​ខែ​ដើម​ខែ​ធ្នូ ២០២០ មាន​រោងចក្រ​ផលិត​ដែកថែប​មួយ​របស់​ក្រុមហ៊ុន ហុងឌីសេង (​ខេមបូឌា​) ស្ទីល ឯ.ក ដែល​វិនិយោគ​ដោយ​វិនិយោគិន​ចិន​ក្នុង​ទឹក​ប្រាក់ ១៦,៧ លាន​ដុល្លារ​បើក​ដំណើរ​ការ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដោយ​អាច​មាន​សមត្ថភាព​ផលិត​ដែក​បាន ៥០០ ០០០ តោន​ ក្នុង​ដំណាក់​កាល​ដំបូង​៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ហ៊ឹន ពិសី

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៏

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d