ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី ៣០ ខែតុលា។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់ អាស៊ីអាគ្នេយ៍ ដែលមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ធុរជន អ្នកជំនាញ មកពីប្រទេស អាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន។ កិច្ចប្រជុំនេះ គឺជាវេទិកា ដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន អំពីការដោះស្រាយបញ្ហាប្រឈមក្នុង តំបន់អាស៊ីអាគ្នេយ៍។
ក្រៅពីនេះក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាននិងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរជនជាតិនិងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណជាង ១ ០០០ នាក់ នៅទីតាំងពិធី និងប្រព័ន្ធអនឡាញ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា កិច្ចប្រជុំធុរកិច្ច និងវិនិយោគអាស៊ាននេះ ត្រូវបានធ្វើឡើងវិលជុំប្រចាំឆ្នាំ ប៉ុន្តែជាអកុសល ក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ កិច្ចប្រជុំនេះមិនត្រូវបានរៀបចំធ្វើនោះទេ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។ ទោះជាយ៉ាងណា នៅឆ្នាំនេះ ពិតជាមានភព្វសំណាងសម្រាប់កម្ពុជា ដែលបានគ្រប់គ្រងនូវជំងឺនេះបានដោយជោគជ័យ និងរៀបចំកិច្ចប្រជុំដ៏សំខាន់នេះ និងកិច្ចប្រជុំកំពូលផ្សេងទៀតនៅក្នុងប្រទេស។
លោកបន្តថា កិច្ចប្រជុំកំពូលនេះ នឹងដឹកនាំដោយលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំវិលជុំ ហើយក៏មានការចូលរួមពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ។ លោកបន្ថែមថា កិច្ចប្រជុំនេះ ទៀត ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងបង្ហាញនូវសក្តានុពល និងកាលានុវត្តភាពទៅធុរជនមកពីតំបន់ និងពិភពលោក ដែលបានចូលរួមអមដំណើរថ្នាក់ដឹកនាំកំពូលមកពីអាមេរិក ចិន កាណាដា កូរ៉េ និងរុស្ស៊ីជាដើម។
លោកថ្លែងថា៖ «ខ្ញុំគិតថា នេះ គឺជា ឱកាសសម្រាប់កម្ពុជាយើង ក្នុងការបង្ហាញពីកាលានុវត្តភាព និងទាក់ទាញវិនិយោគមកកាន់កម្ពុជាយើង តាមរយៈយើងមានសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍល្អ ធ្វើឱ្យមានជំនឿចិត្តក្នុងការវិនិយោគ ជាពិសេសយើងមានច្បាប់វិនិយោគថ្មី ដែលមានការលើកទឹកចិត្តច្រើន រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនានាដូចជាចិន កូរ៉េ ជាដើម»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ ២០២២ នេះ ជាការពិភាក្សាអំពីមុខជំនួញដែលអាចផ្តល់ឱកាសឱ្យមានលំហូរវិនិយោគ ទៅវិញទៅមក ព្រមទាំងបង្ហាញពីតម្រូវការ និង ការឈានចូលទីផ្សារក្នុងនៃអាជីវកម្មផ្សេងៗ។ លោកបន្តថា តាមរយៈបម្រែបម្រួល នៃខ្សែចង្វាក់ផលិតកម្មលើសកលលោក កម្ពុជាក៏ទទួលបាននូវទាក់ទាញវិនិយោគ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះដើម្បីបើកកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ យុទ្ធ វីរៈ
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២