ភ្នំពេញៈ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-ជប៉ុននៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២សម្រេចបានជិត ១,៥ ពាន់លានដុល្លារ កើនជាង ១៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាពជិត ៣០០ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ១ ៤៩៩,៥ លានដុល្លារ កើនឡើងចំនួន ១៥,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ មាន ១ ៣០២,៦៧ លានដុល្លារ។ ចំពោះទឹកប្រាក់ដែលកម្ពុជានាំទៅជប៉ុន ក្នុងពេល ៩ ខែឆ្នាំ ២០២២ គឺចំនួន ៨៩៧,៦៩ លានដុល្លារ កើនឡើង ៨,៥ ភាគរយពីចំនួន ៨២៧,៤៩ លានដុល្លារ និងការនាំពីជប៉ុនមកកម្ពុជា មានចំនួន ៦០១,៨ លានដុល្លារ កើន ២៦,៦ ភាគរយ ពីចំនួន ៤៧៥,១៨ លានដុល្លារ។
តួលេខខាងលើបង្ហាញថា ជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាពចំនួន ២៩៥,៨៩ លានដុល្លារ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែតុលា លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាបានកើនឡើងជាលំដាប់ ជាពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងជួយឱ្យការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារជប៉ុនមានកាន់តែច្រើន។ កំណើននៃការវិនិយោគរបស់ជប៉ុន គឺជាព័ត៌មានសំខាន់សម្រាប់វិនិយោគិនបរទេសមួយចំនួន ដែលតែងចាំមើលការបោះជំហានរបស់វិនិយោគិនជប៉ុន ព្រោះពួកគេយល់ថាប្រទេសណាដែលវិនិយោគិនជប៉ុនទៅបណ្តាក់ទុនច្រើន គឺជាកន្លែងមានស្ថិរភាពនយោបាយ មានសុវត្ថិភាព មានច្បាប់វិនិយោគល្អ និងមានទីផ្សារនាំចេញរឹងមាំ។
លោកបន្ថែមថា ក្រៅពីការបណ្តាក់ទុន ប្រទេសជប៉ុនក៏បានរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។ ក្រៅពីទំនាក់ទំនងទ្វេភាគីកម្ពុជា និងជប៉ុន ក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនៅលើពិភពលោកផងដែរ។
លោកបញ្ជាក់ថា៖ «ជប៉ុន គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ផលិតផលកម្ពុជា ព្រោះមានទំនិញជាច្រើនមុខដែលកម្ពុជាបាននាំចេញទៅលក់នៅទីនោះ។ ចំនួនមុខទំនិញរបស់កម្ពុជានៅលើទីផ្សារជប៉ុននឹងមានចំនួនកាន់តែច្រើននៅពេលខាងមុខ»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ហ៊ឹន ពិសី
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២