ប្រទេសចិន បានក្លាយជាទីផ្សារនាំចូលអង្ករច្រើនជាងគេពីប្រទេសកម្ពុជា

ប្រទេសចិន បានក្លាយជាទីផ្សារនាំចូលអង្ករច្រើនជាងគេពីប្រទេសកម្ពុជា

 

ភ្នំពេញៈ ឈាន​ពី​ប្រទេស​ទទួល​ទិញ​អង្ករ​កម្ពុជា​ក្នុង​បរិមាណ​ត្រឹម​ជាង ៦ ​ពាន់​តោន​ដែល​ស្មើនឹង ៣ ​ភាគរយ​នៃ​បរិមាណ​នាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១២ បច្ចុប្បន្ន​ប្រទេស​ចិន​បាន​កាន់កាប់​ចំណែក​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​រហូតដល់​ជាង​ពាក់កណ្តាល​។ ចំនួន​នេះ​ត្រូវ​រំពឹងថា​នឹង​បន្ត​កើនឡើង​ថែមទៀត ខណៈ​គុណភាព​អង្ករ​កម្ពុជា​ត្រូវបាន​គេ​ទទួល​ស្គាល់​កាន់តែ​ច្រើន​។ នេះ​បើ​យោងតាម​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

យោងតាម​ទិន្នន័យ​នាំចេញ​អង្ករ​របស់​ក្រសួង​កសិកម្ម ដែល​បង្ហាញ​ចេញ​ដោយ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា បរិមាណ​អង្ករ​កម្ពុជា​ដែល​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​បាន​កើនឡើង​ជា​បន្តបន្ទាប់ ដោយ​កាលពី​ឆ្នាំ ​២០១២ ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​មាន​បរិមាណ ៦ ១៨១ ​តោន ស្មើនឹង​ចំណែក​ទីផ្សារ​នាំចេញ​អង្ករ​សរុប​របស់​កម្ពុជា​ប្រមាណ ៣ ​ភាគរយ​ប៉ុណ្ណោះ​។

ទិន្នន័យ​បន្តថា ចំនួន​នេះ​បាន​បន្ត​កើន​ជា​លំដាប់​ក្នុង​ឆ្នាំ​ ២០១៣ មាន​ចំនួន​ ២៨ ៣០២ ​តោន (៧ ​ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​), ឆ្នាំ​ ២០១៤ មាន​ចំនួន ៤៨ ៩៨០ ​តោន ​(១៣ ​ភាគរយ​), ឆ្នាំ​ ២០១៥ ចំនួន ១១៦ ៦៣៩ ​តោន ​(២២​ ភាគរយ​), និង​ឆ្នាំ ​២០១៦ មាន​ចំនួន ១២៧ ៤៦០​ តោន​ (២៤ ​ភាគរយ​), ឆ្នាំ​ ២០១៧ ចំនួន ១៩៩ ៨៥៧ ​តោន ​(៣១ ​ភាគរយ​)​។

ទោះយ៉ាងណា វា​បាន​ធ្លាក់ចុះ​បន្តិច​ក្នុង​ឆ្នាំ​ ២០១៨ ដោយ​មាន​ចំនួន ១៧០ ១៥៤ ​តោន​ (២៧ ​ភាគរយ​) ប៉ុន្តែ​ចាប់ផ្តើម​កើន​ក្នុង​ឆ្នាំ​ ២០១៩ ចំនួន ២៤៨ ១០៥ ​តោន​(៤០ ​ភាគរយ​), ឆ្នាំ​ ២០២០ ចំនួន ២៨៩ ៤៣៩ ​តោន​ (៥០,២​ ភាគរយ​) និង​ឆ្នាំ​ ២០២១ ចំនួន ៣០៩ ៧០៩ ​តោន ​(៥០,៥​ ភាគរយ​)​។

ដោយឡែក​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ មាន​ចំនួន ១៦៨ ២៨០ ​តោន ស្មើនឹង ៥១,៤​ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា ដែល​មាន​ចំនួន ៣២៧ ២០០ ​តោន​។

លោក ហ៊ាន វណ្ណហន បាន​សរសេរ​ថា​៖ «​តើ​អ្នកដឹង​ទេ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពាក់កណ្តាល​បរិមាណ​អង្ករ​កម្ពុជា​ដែល​បាន​នាំចេញ​សរុប​ប្រចាំ​ឆ្នាំ គឺ​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​»​។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី ​១ ខែកញ្ញា​ថា ប្រទេស​ចិន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការទទួល​ទិញ​អង្ករ​ពី​កម្ពុជា ហើយ​តម្លៃ​ដែល​ក្រុមហ៊ុន​ប្រមូល​ទិញយក​ទៅ​ប្រទេស​ចិន ក៏​ខ្ពស់​ដែរ​បើ​ធៀប​ទៅ​គោលដៅ​ប្រទេស​នាំចេញ​មួយចំនួន​។ សម្រាប់​កូតា​ដែល​ចិន​ផ្តល់ឱ្យ​កម្ពុជា​ចំនួន ៤០ ​ម៉ឺន​តោន​មកដល់​ពេល​នេះ​សម្រេច​បាន​ប្រហែល ២០ ​ម៉ឺន​តោន​ហើយ ខណៈ​ជា​រៀងរាល់​ឆ្នាំ សម្ទុះ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ទាំងនោះ រួមទាំង​ប្រទេស​ចិន គឺ​ចាប់ពី​ខែ​សីហា ឬ​ខែកញ្ញា តទៅ​។

លោក​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ និង​ក្រុមការងារ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ទើប​ជួបពិភាក្សា​ជាមួយ​ភាគី​ចិន​ប្រហែល ២ ​សប្តាហ៍​មុន គឺ​ពួកគាត់​បាន​បង្ហាញ​ពី​ឆន្ទៈ​ដ៏មុតមាំ​ក្នុង​ការទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា ព្រមទាំង​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ទៀតផង​ដែរ​។ ប្រទេស​ចិន​បាន​ក្លាយជា​ទីផ្សារ​នាំចេញ​អង្ករ​ដ៏សំខាន់​របស់​កម្ពុជា​»​។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ហ៊ឹន ពិសី

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d