យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា បានឃើញការកើនឡើង ១៥.២ ភាគរយនៃការនាំចេញក្នុងឆ្នាំ២២០២១។
របាយការណ៍បាននិយាយថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាននាំចេញផលិតផលដែលមានតម្លៃ ១១.៣៨ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ១៥.២ ភាគរយពី ៩.៨៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាអ្នករកចំណូលពីការប្តូរប្រាក់បរទេសធំបំផុតសម្រាប់ប្រទេសកម្ពុជា។ យោងតាមក្រសួងការងារបានឱ្យដឹងថា វិស័យនេះមានរោងចក្រ និងសាខាប្រហែល ១,១០០ ដែលផ្តល់ការងារដល់កម្មករប្រមាណ ៧៥០,០០០នាក់ ដែលភាគច្រើនជាស្ត្រី។
វិស័យនេះគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលគាំទ្រដល់សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍នៅដើមសប្តាហ៍នេះថា ជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានអនុញ្ញាតឱ្យប្រទេសនេះ ដំណើរការឡើងវិញទាំងស្រុងនូវសកម្មភាពសេដ្ឋកិច្ច-សង្គមរបស់ខ្លួនលើគ្រប់វិស័យ។”
លោកបានមានប្រសាសន៍ថា ជាមួយនឹងភាពជោគជ័យនេះ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រាល្អប្រសើរជាងការរំពឹងទុក៣ ភាគរយនៅឆ្នាំ២០២១ ពីការធ្លាក់ចុះ៣.១ ភាគរយក្នុងឆ្នាំ២០២០ ដែលជំរុញដោយការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យកាត់ដេរ និងវិស័យមិនមែនកាត់ដេរ ព្រមទាំងវិស័យកសិកម្ម។”
លោកបានបន្ថែមថា “សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រាខ្ពស់ប្រហែល ៥.៦% ដោយមានការរំពឹងទុកដោយការកើនឡើងនៃតម្រូវការពិភពលោក និងទំនុកចិត្តរបស់អ្នកវិនិយោគបរទេស” ។
លោក ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំនោមប្រទេសមួយចំនួនក្នុងតំបន់ និងក្នុងពិភពលោក ដែលសម្រេចបាននូវអត្រាចាក់វ៉ាក់សាំងខ្ពស់ និងជំរុញឱ្យមានភាពស៊ាំកូវីដ-១៩ក្នុងសហគមន៍។
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសកម្ពុជាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ យ៉ាងហោចណាស់មួយដូស ដល់ប្រជាជន ចំនួន ១៤.៣៧ លាននាក់ ឬ ៨៩.៨ភាគរយ នៃចំនួនប្រជាជន ១៦ លាននាក់របស់ខ្លួន។
ក្រសួងបាននិយាយថា ប្រជាជនជិត ១៣.៨ លាននាក់ ឬ ៨៦.២ ភាគរយ នៃចំនួនប្រជាជន ត្រូវបានចាក់វ៉ាក់សាំងពេញលេញដែលតម្រូវចំនួន២ដូស ហើយ ៥.៩៧ លាននាក់ ឬ ៣៧.៣ ភាគរយ បានចាក់វ៉ាក់សាំងដូសជម្រុញឬដូសទី៣ ។
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ សារព័ត៌មានស៊ីនហួ
ព័ត៌មាន៖ ខ្មែរថាមស៍
កាលបរិច្ចេទបោះពុម្ពផ្សាយ៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២