ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយអាជីវកម្មនានាកំពុងធ្វើការទាញយកផលប្រយោជន៍ចេញពីថ្នាលថ្មីទាំងនេះ។ ពាណិជ្ជកម្មប្រភេទនេះផ្តល់នូវគុណសម្បត្តិដែលពោរពេញទៅដោយសក្តានុពលជាច្រើនសម្រាប់អាជីវកម្ម ដូចជា ការកាត់បន្ថយថ្លៃដើម និងពេលវេលា បង្កើនការលក់ និងផលិតភាព ពង្រីកវិសាលភាពទីផ្សារ ព្រមទាំងបង្កើនការគាំទ្រពីអតិថិជន។
គុណសម្បត្តិទាំងនេះបានធ្វើឱ្យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានភាពពេញនិយម និងរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្ម អ្នកគួរតែចង់ចាំអំពីនិតិវិធីដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រសិនបើលោកអ្នកសម្រេចចិត្តលក់សេវាកម្ម ឬផលិតផលរបស់អ្នកតាមប្រព័ន្ធអេឡិចត្រូនិច (អនឡាញ)។ ភាពជឿជាក់ និងភាពស្មោះត្រង់របស់អ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់អ្នកគឺអាស្រ័យទៅលើថាតើអ្នកផ្តល់សេវាកម្មដល់គាត់ដោយរបៀបណា។ ក្រមប្រតិបត្តិអាជីវកម្មប្រព័ន្ធអេឡិចត្រូនិក អាស៊ាន (The ASEAN Online Business Code of Conduct) ត្រូវបានរៀបរៀងឡើងដើម្បីផ្តល់ការណែនាំដល់អាជីវកម្មអនឡាញអំពីរបៀបធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងស្មើភាព ចំពោះអ្នកប្រើប្រាស់។ ការអនុវត្តក្រមនេះគីប្រព្រឹត្តទៅតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង។
រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆិតាចូលរួមពង្រីកវិស័យពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិក តាមរយៈការវិនិយោគទៅលើការបង្កើតក្របខណ្ឌគតិយុត្តិ ការពង្រឹង ភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម។
យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្ពោះទៅរកការរីកចម្រើនប្រកបដោយនិរន្តភាពនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការសម្របសម្រួលវិស័យសាធារណៈប្រកបដោយប្រសិទ្ធភាពក្នុងគោលបំណងពង្រឹងបរិយាកាសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងតាមរយៈការអនុវត្តផែនការសកម្មភាពអោយបានគ្រប់ជ្រុងជ្រោយដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះនៅក្នុងប្រទេសកម្ពុជា។
យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមានសមាសធាតុចំនួន១០ ដូចខាងក្រោម៖
១. យុទ្ធសាស្ត្រគោលនយោបាយ និងផ្នែកសម្របសម្រួលស្ថាប័ន
២. ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ
៣. បទប្បញ្ញត្តិសម្រាប់សហគ្រាសធុនតូច និងមធ្យម
៤. ហេដ្ឋារចនាសម្ពន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍
៥. ហេដ្ឋារចនាសម្ពន្ធជំនាញឌីជីថល (អក្ខរកម្មឌីជីថល ជំនាញព័ត៌មានវិទ្យា និងសហគ្រិនភាពឌីជីថល)
៦. ប្រព័ន្ធទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច
៧. ភស្តុភារពាណិជ្ជកម្មក្នុងស្រុក
៨. ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន
៩. ការទទួលបានហិរញ្ញប្បទាន និង
១០. ព័ត៌មានពាណិជ្ជកម្ម និងការគាំទ្រទីផ្សារ។
គោលនយោបាយសំខាន់ៗផ្សេងទៀត
១. រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅខែឧសភា ឆ្នាំ២០២០។ ច្បាប់នេះគឺជាការបោះជំហានទៅមុខមួយដ៏សំខាន់សម្រាប់កម្ពុជា ដោយសារច្បាប់នេះបានកំណត់ជា មូលដ្ឋានយ៉ាងច្បាស់លាស់សម្រាប់ការជម្រុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ច្បាប់នេះក៏បានផ្ដល់នូវឱកាសកាន់តែច្រើនដល់សហគ្រាសធុនតូច និងមធ្យម ហើយជាមួយគ្នានេះដែរក៏ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
២. អនុក្រឹត្យលេខ ២៤៦ ស្តីពីហត្ថលេខាឌីជីថល មានគោលបំណងគ្រប់គ្រង និងជំរុញការប្រើប្រាស់ហត្ថលេខាឌីជីថលនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម