សហគ្រាសធុនមីក្រូ តូច និងមធ្យម តែងត្រូវបានចាត់ទុកថាជាក្បាលម៉ាស៊ីននៃកំណើននៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ដោយសារការរួមចំណែករបស់វានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារក្នុងប្រទេស។ នៅប្រទេសកម្ពុជា សហគ្រាសធុនមីក្រូ តូច និងមធ្យម តំណាងឱ្យ ៧០% នៃការងារសរុប ៩៩,៨% នៃចំនួនក្រុមហ៊ុនសរុប និងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន ៥៨%។ របៀបកំណត់និយមន័យសហគ្រាសធុនមីក្រូ តូច និងមធ្យមមានសារៈសំខាន់ចំពោះលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងកម្មវិធីជំនួយគាំទ្ររបស់កម្ពុជាដែលផ្តោតជាពិសេសលើសហគ្រាស ដែលអាចត្រូវបានកំណត់ថាស្ថិតនៅក្រោមនិយមន័យនេះ។
និយមន័យនៃសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យសេវាកម្ម និងពាណិជ្ជកម្ម
ប្រទេសកម្ពុជាមាននិយមន័យផ្លូវការនៃសហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានរៀបរៀងឡើងក្រោមក្របខណ្ឌអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០០៥។ និយមន័យនេះបែងចែកសហគ្រាសតាមទំហំ និងរួមបញ្ចូលលក្ខណៈវិនិច្ឆ័យសម្រាប់ទាំងចំនួនការងារ និងចំណូល។ យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈ កម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (SMEPC) លើកទី២ នៅទីស្តីការគណៈរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ សហគ្រាសធុនតូច និងមធ្យមត្រូវបានចែកចេញជា ៣ វិស័យ គឺ (១) កសិកម្ម (២) ឧស្សាហកម្ម និង (៣) សេវាកម្ម និងពាណិជ្ជកម្ម។ សហគ្រាសធុនតូច និងមធ្យមត្រូវបំពេញតាមលក្ខខណ្ឌពីរ៖ (ក) ចំនួនបុគ្គលិក (ខ) ផលរបរប្រចាំឆ្នាំ ឬទ្រព្យសកម្ម។
សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានភាពសកម្មនៅក្នុងវិស័យសេវាកម្ម និងពាណិជ្ជកម្ម។ យោងតាមទិន្នន័យ ឆ្នាំ២០១៥ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សហគ្រាសធុនតូច និងមធ្យមកម្ពុជាចំនួន ៥៩,៦០% ត្រូវបានចាត់ថ្នាក់ចូលក្នុងវិស័យពាណិជ្ជកម្មលក់ដុំ និងលក់រាយ ខណៈ ២៦,៥០% ស្ថិតក្នុងវិស័យសេវាកម្ម។
សកម្មភាពសេវាកម្មសំខាន់ៗបំផុតនៅក្នុងប្រទេសកម្ពុជាគឺពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលជាប្រភពដ៏សំខាន់ មួយនៃការវិនិយោគបរទេស និងផ្នែកនៃសេដ្ឋកិច្ចដែលមានកំណើនលឿនបំផុត។ វិស័យទេសចរណ៍បានក្លាយជាប្រភពចំណូល និងការផ្លាស់ប្ដូររូបីយប័ណ្ណបរទេសដ៏សំខាន់ ហើយបានជួយកាត់បន្ថយផលប៉ះពាល់ពីឱនភាពពាណិជ្ជកម្មធំៗ។ ការវិនិយោគទាំងនេះ ភាគច្រើនមាននៅក្នុងការសាងសង់សណ្ឋាគារ ការអភិវឌ្ឍរមណីយដ្ឋាន និងការពង្រឹងមូលដ្ឋានសេវាកម្មសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទអង្គរវត្ត និងរាជធានីភ្នំពេញ។ មុនពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ចំនួនភ្ញៀវទេសចរបានកើនឡើងជាលំដាប់ និងមានភាពចម្រុះ។
ពាណិជ្ជកម្មមានសារៈសំខាន់សម្រាប់យុទ្ធសាស្ត្រកំណើនរបស់កម្ពុជា ដោយសារមូលហេតុសំខាន់បី៖
១. ប្រទេសកម្ពុជាបានផ្លាស់ប្តូរវិស័យពាណិជ្ជកម្មរបស់ខ្លួនឱ្យក្លាយទៅជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ហើយកត្តានេះផ្តល់ជាកម្លាំងចលករដល់សេរីភាវូបនីយកម្ម និងការអភិវឌ្ឍពាណិជ្ជកម្មបន្ថែមទៀតសម្រាប់កំណើននាពេលអនាគត។
២. សមាហរណកម្មសេដ្ឋកិច្ចតំបន់បានផ្លាស់ប្តូរឆ្ពោះទៅរកតំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់ ដែលជាមធ្យោបាយ មួយជំរុញពាណិជ្ជកម្ម និងលើកកម្ពស់វិបុលភាព។ ដោយសារកម្ពុជា មានទីតាំងយុទ្ធសាស្ត្រ ស្ថិតនៅក្នុង តំបន់អាស៊ានដែលកំពុងលូតលាស់យ៉ាងឆាប់រហ័ស កិច្ចសហប្រតិបត្តិការ និងដំណើរការសមាហរណកម្ម ក្នុងតំបន់ប្រកបដោយថាមវន្តទាំងនេះ គឺជាកាលានុវត្តភាពដ៏ធំសម្រាប់កំណើននៃការនាំចេញ ពិពិធកម្ម ភាពប្រកួតប្រជែង និងកំណើន។
៣. អ្នកវិភាគភាគច្រើនយល់ស្របថា នៅមានការងារច្រើនទៀតដែលត្រូវធ្វើនៅក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា។ ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក៏ដោយ វិស័យពាណិជ្ជកម្ម នៅតែមានភាពទន់ខ្សោយ និងងាយរងគ្រោះ។ ក្រៅពីស្ថិតនៅក្នុងផ្នែកខាងចុងនៃខ្សែច្រវាក់តម្លៃ និងកង្វះពិពិធកម្ម ការនាំចេញរបស់កម្ពុជាមានឧបសគ្គច្រើនដោយនីតិវិធីគយស្មុគស្មាញ ការរាំង ស្ទះផ្នែកហេដ្ឋារចនាសម្ព័ន្ធ កង្វះខាតផ្នែកភស្តុភារ និងកិច្ចសម្រួលពាណិជ្ជកម្ម និងកង្វះសមត្ថភាពបំពេញតាមស្តង់ដារបច្ចេកទេស។
តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម