Step 1:
តើលោកអ្នកមានក្តីស្រមៃចង់ធ្វើការឯករាជ្យ និងបើកអាជីវកម្មផ្ទាល់ខ្លួនដែរ ឬទេ? ប្រហែលជាលោកអ្នកចង់ក្លាយជាម្ចាស់អាជីវកម្មដោយខ្លួនឯង? ឬ ថាតើលោកអ្នកមានដំណោះស្រាយពិសេសអ្វីមួយឆ្លើយតបទៅនឹងបញ្ហាដែលលោកអ្នកជួបប្រទះនៅជុំវិញខ្លួនដែរឬទេ? បើដូច្នេះមែន ការក្លាយជាសហគ្រិនអាចនឹងសមស្របសម្រាប់លោកអ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ការចាប់ផ្តើមអាជីវកម្មមិនងាយស្រួលទេ ហើយលោកអ្នកត្រូវត្រៀមខ្លួនសម្រាប់ការតស៊ូយូរអង្វែងរហូតដល់សហគ្រាសរបស់លោកអ្នកចាប់ផ្តើមរកប្រាក់ចំណេញបាន។ ក្នុងផ្នែកនេះ យើងសូមផ្តល់ជូនព័ត៌មានដែលលោកអ្នកត្រូវការសម្រាប់ចាប់ផ្តើមអាជីវកម្ម ក៏ដូចជាដំបូន្មានជំនួយសំខាន់ៗ ដើម្បីជួយលោកអ្នកនៅក្នុងដំណើរនៃការប្រកបអាជីវកម្មនេះ។ នៅទីនេះក៏មានអ្នកផ្គត់ផ្គង់សេវា ប្រកបដោយវិជ្ជាជីវៈដែលអាចជួយលោកអ្នកនៅក្នុងជំហានខ្លះៗ ឬក៏អាចជួយរៀបចំប្រតិបត្តិការទាំងស្រុងតែម្តងដល់លោកអ្នក ក្នុងការចាប់ផ្តើមអាជីកម្មថ្មី។ មុនពេលលោកអ្នកចាប់ផ្តើមអាជីវកម្ម សូមពិនិត្យមើលថាតើលោកអ្នកត្រៀមខ្លួនហើយ ឬនៅ៖ ការចាប់ផ្តើមអាជីវកម្មមួយទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត។ ជាការសំខាន់ត្រូវដឹងថាតើមានអ្វីខ្លះដែលពាក់ព័ន្ធ និងថាតើលោកអ្នកពិតជាស័ក្តិសមនឹងអាជីវកម្ម និងជាអ្នកចង់ធ្វើការឱ្យខ្លួនឯងដែរឬទេ។ យើងសូមណែនាំឱ្យលោកអ្នកចំណាយពេលខ្លះដើម្បីវាយតម្លៃខ្លួនឯង និងស្វែងយល់លម្អិតពីបញ្ហាប្រឈមនៃការធ្វើជាម្ចាស់អាជីវកម្មជាមុនសិន។ តើលោកអ្នកពិតជាបានត្រៀមខ្លួនធ្វើជាម្ចាស់អាជីវកម្មហើយមែនទេ? មិនថាលោកអ្នកកំពុងចាប់ផ្តើមអាជីវកម្មថ្មី ឬទិញអាជីវកម្មបង្កើតស្រាប់យ៉ាងណានោះទេ លោកអ្នកនឹងត្រូវត្រៀមខ្លួនជាមុន។ សូមពិចារណាលើចំណុចសំខាន់ៗទាំងនេះដើម្បីប្រាកដថាអ្នកបានត្រៀមខ្លួនរួចរាល់ហើយ។
Step 2:
នៅពេលលោកអ្នកដឹងច្បាស់ថា ដំណើរការអាជីវកម្មរបស់លោកអ្នកឈប់ដំណើរការ ដូច្នេះដល់ពេលដែលលោកអ្នកត្រូវពិនិត្យឡើងវិញ និងកែលម្អគំនិតអាជីវកម្មហើយ។ វិធីសាស្ត្រដ៏ល្អមួយដើម្បីបង្កើតផែនការអាជីវកម្ម ដោយមិនចាំបាច់ចំណាយពេលច្រើន និងលម្អិតនោះ គឺការប្រើឧបករណ៍ ដូចជា គំរូអាជីវកម្ម Canvas (Business Model Canvas) ។ គំរូអាជីវកម្មនេះផ្តល់ជូនលោកអ្នកផ្ទាំងរូបភាព មួយទំព័រអំពីធាតុសំខាន់ៗនៃអាជីវកម្មរបស់លោកអ្នក និងរបៀបដែលធាតុទាំងនោះធ្វើការជាមួយគ្នា។ លោកអ្នកអាចទាញយកគំរូនេះដោយឥតគិតថ្លៃនៅទីនេះ។ ផ្ទាំងគំរូអាជីវកម្ម (Business Model Canvas) ធានាថាលោកអ្នកចាប់ផ្តើមគិតអំពីបេសកកម្ម និងកំណត់តម្លៃរួមសម្រាប់អាជីវកម្មរបស់លោកអ្នកតាំងពីជំហានដំបូង។ លោកអ្នកនឹងត្រូវគិត និងកត់ចំណាំអំពីចំណុចសំខាន់ៗ ដូចខាងក្រោម៖ ក្រុមអតិថិជនតើនរណាជាអតិថិជនរបស់អ្នក? ការផ្ដល់ជូនដ៏មានតម្លៃតើផលិតផល ឬសេវាកម្មរបស់អ្នកគឺជាអ្វី? តើអ្នកនឹងដោះស្រាយបញ្ហាអ្វីខ្លះជូនអតិថិជនរបស់អ្នក? ប្រភពចំណូលតើចំណូលរបស់អ្នកមកពីណា? វិធីសាស្រ្តទំនាក់ទំនងតើអ្នកទាក់ទងជាមួយអតិថិជនរបស់អ្នកដោយរបៀបណា? តើអ្នកប្រគល់ ឬផ្ដល់ ទំនិញ ឬសេវាកម្មរបស់អ្នកយ៉ាងដូចម្តេច? សកម្មភាពសំខាន់ៗតើអ្នកធ្វើអ្វីខ្លះជារៀងរាល់ថ្ងៃដើម្បីដំណើរការអាជីវកម្មរបស់អ្នក? ធនធានសំខាន់ៗតើនរណាជាបុគ្គលដែលអ្នកត្រូវការ តើអ្នកទាំងនោះត្រូវមានជំនាញអីខ្លះ ព្រមទាំងសម្ភារះ និងដើមទុនដើម្បីដំណើរការអាជីវកម្មរបស់អ្នក? ដៃគូសំខាន់ៗតើនរណាជាដៃគូសំខាន់ៗរបស់អ្នកនៅក្នុងដំណើរការអាជីវកម្មរបស់អ្នក? រចនាសម្ពន្ធចំណាយតើចំណាយចម្បងៗរបស់អ្នកមានអ្វីខ្លះ? ព័ត៌មានបន្ថែមអំពីគំរូអាជីវកម្ម Business Model CANVAS សូមចូលទៅកាន់តំណរភ្ជាប់នេះ លោកអ្នកក៏អាចទស្សនាវីដេអូបកស្រាយលម្អិតអំពីគំរូអាជីវកម្ម Business Model CANVAS ជាភាសាខ្មែរតាមរយះវីដេអូដោយ BTVNews Cambodia នៅទីនេះ
Step 3:
ដើម្បីចាប់ផ្តើម និងដំណើរការអាជីវកម្មជោគជ័យ លោកអ្នកត្រូវស្គាល់ពីអតិថិជន និងទីផ្សារគោលដៅ។ ការស្រាវជ្រាវទីផ្សារអាចជួយអ្នកឱ្យយល់ និងធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយអំពីទីផ្សារផលិតផល និងសេវាកម្មរបស់អ្នក។ ការស្រាវជ្រាវទីផ្សារមានទម្រង់ខុសៗគ្នា៖ ចម្បង និងបន្ទាប់បន្សំ។ ការស្រាវជ្រាវចម្បងមានការពាក់ព័ន្ធទៅនឹងការប្រមូលព័ត៌មានសំខាន់តាមរយៈការស្ទង់មតិ កិច្ចសម្ភាសន៍ និងការជជែកជាមួយអតិថិជន (សក្តានុពល) និងអាជីវកម្មដទៃផ្សេងៗទៀត។ ការស្រាវជ្រាវរបស់អ្នកអាចជាលក្ខណះផ្លូវការ ឬក្រៅផ្លូវការ។ ការស្រាវជ្រាវបន្ទាប់បន្សំប្រើប្រាស់ព័ត៌មាន និងទិន្នន័យដែលបានប្រមូល និងវិភាគដោយអ្នកដទៃរួចហើយ។ អ្នកអាចស្រាវជ្រាវទីផ្សាររបស់អ្នកដោយប្រើព័ត៌មាន ដូចជា ស្ថិតិចុះផ្សាយរបស់រដ្ឋាភិបាល និងឯកសារបោះផ្សាយផ្នែកពាណិជ្ជកម្ម។ វាយតម្លៃអតិថិជនគោលដៅរបស់លោកអ្នក គោលបំណងសំខាន់នៃការស្រាវជ្រាវទីផ្សារ គឺដើម្បីស្គាល់អតិថិជនគោលដៅរបស់អ្នក។ អ្នកត្រូវស្គាល់អតិថិជនដែលនឹងទិញផលិតផលរបស់អ្នកហើយហេតុអ្វីបានជាគេទិញផលិតផលនោះ? តើអ្វីទៅជាតម្រូវការ និងបញ្ហាប្រឈមរបស់ពួកគេ? តើអ្នកអាចឆ្លើយតបនឹងបញ្ហាព្រមទាំងតម្រូវការរបស់អតិថិជនដោយរបៀបណា? តើអតិថិជនសម្រេចចិត្តទិញផលិតផល ឬសេវាកម្មរបស់អ្នកដោយរបៀបណា? តើអ្នកអាចរកឃើញ ឬដឹងថាអតិថិជនសំខាន់ៗនៅទីណា ហើយតើអ្នកនឹងទាក់ទងជាមួយពួកគេដោយរបៀបណា? ស្រាវជ្រាវការប្រកួតប្រជែង និងតិត្ថិភាពនៃទីផ្សារ (ភាពចាល់នៃទីផ្សារ) អ្នកត្រូវដឹងពីការប្រកួតប្រជែងរបស់អ្នក ដូច្នេះអ្នកអាចទប់ស្កាត់ និងរារាំងគេមិនឱ្យទាក់ទាញយកអតិថិជនរបស់អ្នកបាន។ សូមចងចាំថាការប្រកួតប្រជែងមិនមែនជារឿងអាក្រក់ជានិច្ចនោះទេ។ សូមចងចាំថា ការប្រកួតប្រជែងមិនមែនជារឿងអាក្រក់រហូតនោះទេ ប៉ុន្តែវាមានន័យថាផលិតផល និងសេវាកម្មរបស់យើងមានទីផ្សារ ហើយអតិថិជនស្ម័គ្រចិត្ត ឬហ៊ានចំណាយ។ សូមធ្វើការរៀនសូត្រ ឱ្យបានច្រើន តាមដែលអ្នកអាចធ្វើទៅបានពីរបៀបដែលដៃគូប្រកួតប្រជែងរបស់អ្នកទាក់ទាញអតិថិជន ផ្តល់គុណតម្លៃអ្វីខ្លះដល់អតិថិជន និងមានអ្វីដែលពួកគេនៅខ្វះខាត។ ទន្ទឹមនឹងនេះ សូមពិនិត្យមើលភាពចាល់នៃទីផ្សារ។ អ្នកប្រហែលជាគិតថាហាងកាហ្វេ ឬហាងផ្កានៅក្បែរខាងអ្នក មើលទៅដូចជាគំនិតអាជីវកម្មដ៏អស្ចារ្យ ពីព្រោះវាហាក់ដូចជាមានការរីកដុះដាល តែអ្នកត្រូវពិចារណា៖ តើមានអតិថិជនគ្រប់គ្រាន់សម្រាប់អាជីវកម្មប្រភេទនេះដែរ ឬទេ? ប្រហែលជាទីផ្សារបានចាល់អស់ទៅហើយដោយសារអាជីវកម្មដ៏ច្រើនដែលផ្តល់ជូននូវផលិតផល ឬសេវាកម្មស្រដៀងគ្នា។ ប្រសិនបើអ្នកចង់ចូលទៅក្នុងទីផ្សារចង្អៀត និងមានអាជីវករច្រើនរួចហើយ តើអ្វីជាចំណុចពិសេសរបស់អ្នក ( Unique Selling Proposition)? តើអ្នកនឹងលេចធ្លោ និងខុសពីគេយ៉ាងដូចម្តេច? តើអ្នកនឹងមានសេវាកម្មកាន់តែជំនាញជាងនេះដែរ ឬទេ? តម្លៃទាបជាង? អ្វីដែលគ្មាននរណាម្នាក់អាចផ្តល់ជូនបាន? ការចម្លងតាមអាជីវកម្ម ឬគំនិតអាជីវកម្ម មិនមែនជាវិធីជោគជ័យនោះទេ។ អ្នកត្រូវស្គាល់ពីទំហំ និងចំណែកទីផ្សារ ដែលអ្នកអាចចាប់យកបាន។ បញ្ជាក់គំនិតរបស់អ្នក ជាគំនិតល្អនៅដំណាក់កាលនេះដែលត្រូវធ្វើតេស្តគំនិត ផលិតផល ឬសេវាកម្មរបស់អ្នក។ ជជែកជាមួយអតិថិជនសក្តានុពល និងទទួលបានមតិប្រតិកម្មរបស់ពួកគេអំពីផលិតផល ឬសេវាកម្មដែលអ្នកបានស្នើផ្ដល់ជូន ហើយមើលថាតើពួកគេចាប់អារម្មណ៍លើវាយ៉ាងដូចម្ដេច និងថាតើពួកគេសុខចិត្តចំណាយប្រាក់លើវាដែរ ឬទេ។ អ្នកអាចធ្វើកិច្ចការនេះបានតាមរយៈការផ្ញើការស្ទង់មតិ ការជជែកដោយផ្ទាល់ ឬនៅលើបណ្តាញសង្គម ការផ្សាយពាណិជ្ជកម្ម ឬការព្យាយាមធ្វើយុទ្ធនាការមុនពេលលក់ដើម្បីវាស់ស្ទង់ការចាប់អារម្មណ៍អតិថិជនទៅលើផលិតផលនោះ។ ប្រសិនបើលោកអ្នកចង់ស្វែងរកការបណ្ដុះបណ្ដាល ឬការសិក្សា ទាក់ទងទៅនឹងការស្រាវជ្រាវទីផ្សារ សូមស្វែងរកតាមរយៈទំព័រ ព្រឹត្តិការណ៍ និងវគ្គបណ្ដុះបណ្ដាល ដែលមានព័ត៌មានជាច្រើនអំពីវគ្គបណ្ដុះបណ្ដាល ការសិក្សាពីចម្ងាយ និងបណ្ណាល័យអនឡាញ។
Step 4:
ផែនការអាជីវកម្ម គឺជាកត្តាចាំបាច់ ប្រសិនបើអ្នកកំពុងគិតពីការទទួលបានហិរញ្ញប្បទានខាងក្រៅតាមរយៈប្រាក់កម្ចី ឬការវិនិយោគ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចាប់ផ្តើមពីតូច ហើយចាប់ផ្តើមជាមួយដើមទុនផ្ទាល់ខ្លួនរបស់អ្នក ផែនការអាជីវកម្មនឹងជួយអ្នកក្នុងការរៀបចំផែនការ៖ តើអ្នកនឹងត្រូវការដើមទុនប៉ុន្មានដើម្បីចាប់ផ្តើម របៀបរកប្រាក់ចំណេញ អ្វីដែលអ្នកត្រូវធ្វើ និងអ្វីដែលអ្នកត្រូវធ្វើទៅថ្ងៃអនាគត។ សូមគិតថាផែនការអាជីវកម្មគឺជាផែនទីបង្ហាញផ្លូវសម្រាប់អាជីវកម្មរបស់លោកអ្នក និងជាឧបករណ៍ជួយក្នុងការគ្រប់គ្រងគោលដៅ និងតាមដានវឌ្ឍនភាពអាជីវកម្មរបស់លោកអ្នក។ ប្រសិនបើលោកអ្នកបានសង្ខេប នូវអាជីវកម្មរបស់ខ្លួនដោយប្រើឧបករណ៍ដូចជាផ្ទាំងគំរូអាជីវកម្ម (Business Model Canvas) រួចហើយ មានន័យថាលោកអ្នកបានជ្រើសយកចំណុចចាប់ផ្តើមដ៏ល្អមួយហើយ។ ការដែលផែនការអាជីវកម្មរបស់លោកអ្នកនឹងមានលក្ខណៈផ្លូវការ ឬមានរចនាសម្ពន្ធបែបណាក៏ដោយ អាស្រ័យលើថាតើអ្នកមានផែនការប្រើប្រាស់គំរូអាជីវកម្មទាំងនេះដើម្បីបង្កើនដើមទុន ឬគ្រាន់តែទុកប្រើជាឯកសារផ្ទៃក្នុង។ តើមាតិការនៅក្នុងផែនការអាជីវកម្មរបស់អ្នកមានអ្វីខ្លះ? មានវិធីខុសៗគ្នាក្នុងការរៀបចំផែនការអាជីវកម្ម តែផែនការភាគច្រើនមានយ៉ាងហោចណាស់នូវធាតុខាងក្រោម៖ សេចក្តីសង្ខេប ក្រុមការងាររបស់លោកអ្នក ទិដ្ឋភាពទូទៅរបស់ក្រុមហ៊ុន ការវិភាគឧស្សាហកម្ម និងទីផ្សារ ផែនការទីផ្សារ ផែនការប្រតិបត្តិការ យុទ្ធសាស្ត្រហិរញ្ញវត្ថុ វិធីល្អដើម្បីទទួលបានជំនួយក្នុងការសរសេរផែនការអាជីវកម្ម សូមពិនិត្យមើលបញ្ជីវគ្គបណ្តុះបណ្តាលនៅទីនេះ។ លោកអ្នកក៏អាចស្វែងរកជំនួយពីបញ្ជីអ្នកផ្គត់ផ្គង់សេវានៅទីនេះ ហើយក៏មានគេហទំព័រជាច្រើនដែលអាចផ្តល់ជូនអ្នកនូវគំរូ សេចក្ដីណែនាំ និងដំបូន្មាននៅក្នុងការសរសេរផែនការអាជីវកម្មផងដែរ។ ប្រភេទផែនការអាជីវកម្ម ប្រភេទ និងសេចក្ដីលម្អិតនៃផែនការអាជីវកម្មរបស់លោកអ្នកនឹងត្រូវពឹងផ្អែកទៅលើថាតើគោលបំណងចុងក្រោយរបស់អាជីវកម្មមានលក្ខណៈបែបណា។ ប្រសិនបើលោកអ្នកកំពុងស្វែងរកការវិនិយោគ ឬប្រាក់កម្ចី លោកអ្នកចាំបាច់ត្រូវពិពណ៌នាអំពីប្រតិបត្តិការ និងការព្យាករណ៍ហិរញ្ញវត្ថុអាជីវកម្មរបស់ខ្លួនឱ្យបានលម្អិតបំផុតប្រសើរជាងប្រើផែនការអាជីកម្មនោះជាទុកឯកសារណែនាំផ្ទៃក្នុង។
Step 5:
ដើម្បីចាប់ផ្តើម និងធ្វើអាជីវកម្មស្របច្បាប់នៅកម្ពុជា លោកអ្នកនឹងត្រូវចុះបញ្ជីអាជីវកម្មជាមុនសិន។ ជំហានដំបូង គឺការពិនិត្យមើលប្រភេទរចនាសម្ពន្ធអាជីវកម្មខុសៗគ្នា និងការសម្រេចចិត្តថាតើមួយណាល្អបំផុតសម្រាប់អ្នក។ លោកអ្នកក៏នឹងត្រូវសម្រេចចិត្តលើឈ្មោះអាជីវកម្ម និងពិនិត្យមើលថាតើឈ្មោះនោះបានប្រើប្រាស់ហើយ ឬនៅ។ ដើម្បីជួយលោកអ្នកក្នុងងការសម្រេចចិត្ត អ្នកគួរតែស្រាវជ្រាវពីរចនាសម្ព័ន្ធ និងគុណសម្បត្តិ និងគុណវិបត្តិនៃប្រភេទអាជីវកម្មខាងលើ ហើយជ្រើសរើសយកប្រភេទមួយណាដែលស័ក្តិសមបំផុតសម្រាប់អ្នក និងអាជីវកម្មរបស់អ្នក។ កន្លែងល្អសម្រាប់ចាប់ផ្តើម គឺនៅទីនេះ។ គេហទំព័រនេះមានតារាងប្រៀបធៀបប្រភេទចុះបញ្ជីខុសៗគ្នា រួមជាមួយនឹងគុណប្រយោជន៍ និងគុណវិបត្តិរបស់ប្រភេទអាជីវកម្មនីមួយៗផងដែរ។ នីតិវិធី និងលក្ខខណ្ឌតម្រូវនៃការចុះបញ្ជីអាជីវកម្មក្នុងប្រទេសកម្ពុជា នៅប្រទេសកម្ពុជា លោកអ្នកអាចចុះបញ្ជីអាជីវកម្មថ្មីតាមរយៈប្រព័ន្ធ One Portal នៅទីនេះ។ សៀវភៅមគ្គុទេសក៏នេះ រៀបរាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រយោជន៍ខ្លាំងណាស់ក្នុងការជួយអ្នករៀបចំខ្លួនសម្រាប់ដំណើរការនៃការចុះបញ្ជី។ សៀវភៅនេះមានទិដ្ឋភាពទូទៅស្ដីពីរបៀបប្រើប្រាស់ប្រព័ន្ធ និងឯកសារដែលអ្នកនឹងត្រូវការដើម្បីរៀបចំសម្រាប់ការដាក់ស្នើសុំចុះបញ្ជីអាជីវកម្ម។ ជំហានសំខាន់ៗក្នុងការចុះបញ្ជីអាជីវកម្មរបស់លោកអ្នក មិនថាលោកអ្នកប្រើប្រព័ន្ធ One Portal ឬប្រើសេវារបស់អ្នកផ្គត់ផ្គង់សេវាក៏ដោយ រួមមាន៖ ការស្វែងរកឈ្មោះ និងការបញ្ជាក់យល់ព្រម ការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារ សេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាសជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការផ្ដល់អាជ្ញាប័ណ្ណ និងលក្ខខណ្ឌតម្រូវផ្សេងទៀតដោយផ្អែកលើប្រតិបត្តិការ និងឧស្សាហកម្ម។ សូមអានបន្ថែមអំពីការផ្តល់អាជ្ញាបណ្ណ នៅទីនេះ ។ លោកអ្នកប្រហែលជាត្រូវមាន អាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតបន្ថែមមួយចំនួនទៀតដើម្បីទទួលបានការយល់ព្រមឱ្យធ្វើសកម្មភាពមួយចំនួន ដោយផ្អែកលើប្រភេទអាជីវកម្ម និងឧស្សាហកម្មរបស់អ្នក។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតនៅក្នុងផ្នែកស្ដីពីអាជ្ញាប័ណ្ណអាជីវកម្មក្នុងគេហទំព័រនេះ។ លោកអ្នកក៏អាចជ្រើសរើសចុះបញ្ជីពាណិជ្ជសញ្ញាបានផងដែរ។ ការចុះបញ្ជីពាណិជ្ជសញ្ញាអាចការពារម៉ាករបស់អ្នក ដូចជា នាមករណ៍ (ឈ្មោះអាជីវកម្ម) ឬរូបសញ្ញា (logo)របស់អ្នកជាដើម។ ដើម្បីស្វែងយល់ពីរបៀបចុះបញ្ជីពាណិជ្ជសញ្ញា សូមមើលវីដេអូនៅទីនេះ។ សូមចុចទីនេះដើម្បីទៅកាន់ការចុះបញ្ជីពាណិជ្ជសញ្ញានៅកម្ពុជា។ ប្រសិនបើលោកអ្នកមានបុគ្គលិកបម្រើការងារ អ្នកនឹងត្រូវដាក់ពាក្យស្នើសុំផ្នែកហានិភ័យការងារនៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ផងដែរ។ លោកអ្នកអាចស្វែងយល់បន្ថែមអំពីបេឡាជាតិរបបសន្តិសុខសង្គម និងរបៀបដាក់ពាក្យស្នើសុំនៅទីនេះ ។
Step 6:
មិនថាលោកអ្នកកំពុងចាប់ផ្តើមអាជីវកម្មពីចំណុចសូន្យ ឬទិញអាជីវកម្មដែលមានស្រាប់ ឬទិញសិទ្ធិអាជីវកម្ម (franchise) ក៏ដោយ មានវិធីសាស្រ្តមួយចំនួនដែលលោកអ្នកអាចពិចារណាសម្រាប់ការទទួលបានហិរញ្ញវត្ថុ៖ ដំណើរការអាជីវកម្មរបស់លោកអ្នកដោយហិរញ្ញវត្ថុខ្លួនឯង ទទួលយកដើមទុន ពីវិនិយោគិន ប្រើហិរញ្ញប្បទានមហាជន (Crowdfunding) ឥណទានអាជីវកម្មខ្នាតតូច កម្មវិធីទុនវិនិយោគសហគ្រាសធុនតូច និងមធ្យម ជាការសំខាន់ដែលលោកអ្នកត្រូវចងចាំថាវិនិយោគិន ដូចជា ទេវវិនិយោគិន(Angels investor) និងក្រុមហុ៝នវិនិយោគទុន (Venture capitalists) អាចរំពឹងថាលោកអ្នកមានធនធានដោយខ្លួនឯងខ្លះ ឬភាគហ៊ុនដែលមានស្រាប់នៅក្នុងអាជីវកម្ម មុននឹងធ្វើការវិនិយោគជាមួយលោកអ្នក។ លោកអ្នកក៏អាចត្រូវការហិរញ្ញប្បទានសម្រាប់ផ្នែកផ្សេងទៀតនៃអាជីវកម្ម ដូចជា ទ្រព្យសម្បត្តិ យានជំនិះ គ្រឿងម៉ាស៊ីន និងឧបករណ៍ ឬសារពើភ័ណ្ឌ។ មានហិរញ្ញប្បទានច្រើនប្រភេទផ្សេងៗគ្នាដែលលោកអ្នកអាចទទួលបាន ដូចជា៖ កម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាត់ឥណទាន ភតិសន្យា ឬកិច្ចសន្យាជួល ឥណទានពាណិជ្ជកម្មពីអ្នកផ្គត់ផ្គង់ ប្រាក់កម្ចី ការវិនិយោគ សម្រាប់ការណែនាំអំពីការសម្រេចចិត្តថាតើវិធីសាស្ត្រណាដែលល្អបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក សូមស្វែងរកសេវាកម្មប្រឹក្សាយោបល់តាមរយៈបណ្តាញដៃគូរបស់យើងខ្ញុំ (សូមមើលអ្នកផ្កត់ផ្គង់សេវា) ។
Step 7:
ក្នុងនាមជាម្ចាស់សហគ្រាសដែលបានចុះបញ្ជី អ្នកនឹងត្រូវដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំទៅអគ្គនាយកដ្ឋានពន្ធដារ (GDT) ។ ដើម្បីជួយលោកអ្នកក្នុងកិច្ចការនេះ អ្នកនឹងត្រូវការជំនួយ យ៉ាងហោចណាស់ ពីអ្នកកាន់បញ្ជី ឬគណនេយ្យករដែលមានបទពិសោធន៍ក្នុងវិស័យនេះ។ លោកអ្នកត្រូវរៀបចំប្រព័ន្ធតម្កល់ឯកសារអោយបានត្រឹមត្រូវវ រៀបចំបង្កាន់ដៃមានចុះលេខ និងសៀវភៅវិក័យប័ត្រ ធ្វើឱ្យប្រាកដថាលោកអ្នកបានរក្សាច្បាប់ចម្លងយ៉ាងច្បាស់លាស់ និងប្រយ័ត្នប្រយែងរាល់ពេលប្រតិបត្តិការ។ បន្ថែមពីលើនេះទៀត គឺការរៀបចំ និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យដូចជា QuickBooks ដើម្បីតាមដានចំណូល និងចំណាយ ដូច្នេះ លោកអ្នកអាចធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំបានយ៉ាងងាយស្រួល។ ទាំងនេះមិនត្រឹមតែត្រូវការសម្រាប់ការធ្វើរបាយការណ៍ប៉ុណ្ណោះទេ តែថែមទាំងជួយអ្នកក្នុងការវិភាគអាជីវកម្ម និងធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ប្រតិបត្តិការ និងការរីកចម្រើននៃអាជីវកម្មលោកអ្នកផងដែរ។ ទោះបីជាអ្នកចាប់ផ្តើមអាជីវកម្មធុនតូចក៏ដោយ ការរក្សាកំណត់ត្រាហិរញ្ញវត្ថុត្រឹមត្រូវ និងច្បាស់លាស់ គឺជាកត្តាចាំបាច់។ ប្រសិនបើលោកអ្នកមិនមានគម្រោងប្រើគណនេយ្យករពេញម៉ោង អ្នកអាចប្រើប្រាស់សេវាកម្មពី អ្នកផ្គត់ផ្គង់សេវា ដើម្បីជួយអ្នកក្នុងការរៀបចំឯកសារ និងដាក់ស្នើប្រចាំខែ។
Step 8:
នៅពេលលោកអ្នកចាប់ផ្តើមអាជីវកម្ម អ្នកនឹងអាចជួបភាពជោគជ័យ និងបរាជ័យ។ លោកអ្នកត្រូវមើលឃើញកត្តាទាំងនេះជាឱកាសរៀនសូត្រនៃការធ្វើអាជីវកម្ម។ តាមរយៈផ្ទាំងគំរូអាជីវកម្ម (Business Model Canvas) ឬផែនការអាជីវកម្មរបស់លោកអ្នកដែលកំពុងមាននៅក្នុងដៃ អ្នកអាចវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រ និងផែនការអាជីវកម្មរបស់អ្នកសម្រាប់ការរីកចម្រើននាពេលអនាគតដោយផ្អែកលើបទពិសោធន៍ដែលបានជួបប្រទះកន្លងមក។ លោកអ្នកគួរតែតាមដានវឌ្ឍនភាពអាជីវកម្មរបស់អ្នករៀងរាល់ខែ ដោយមើលទៅលើតួលេខដែលបានមកពីរបាយការណ៍គណនេយ្យប្រចាំខែ និងការពិនិត្យមើលយុទ្ធសាស្ត្ររអាជីវកម្មរបស់អ្នក។ ការធ្វើកិច្ចការនេះឡើងវិញរៀងរាល់ត្រីមាស និងរៀងរាល់ឆ្នាំ នឹងអនុញ្ញាតឱ្យលោកអ្នកតាមដានការអនុវត្តក្នុងដំណើរការអាជីវកម្ម និងធ្វើការសម្រេចចិត្តដោយផ្អែកលើលទ្ធផល និងទិន្នន័យដែលមានស្រាប់នៅក្នុងដៃ។ ការធ្វើបែបនេះនឹងជួយលោកអ្នកឱ្យប្រាកដថាអ្នកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទប់ទល់រាល់បញ្ហាប្រឈមទាំងឡាយណា ដែលនឹងអាចកើតមានឡើងក្នុងដំណើរការអាជីវកម្មរបស់លោកអ្នក។